និយ័តករទូរគមនាគមន៍កម្ពុជាសហការជាមួយវិទ្យាស្ថានគមនាគមន៍អន្តរជាតិរៀបចំវេទិកាទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយប្រចាំតំបន់អាស៊ី ២០២៣
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០២៣ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានសហការជាមួយវិទ្យាស្ថានគមនាគមន៍អន្តរជាតិ រៀបចំវេទិកាទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយប្រចាំតំបន់អាស៊ី នៅឯសណ្ឋាគារ Rosewood ទីក្រុងភ្នំពេញ។វេទិកានេះមានកិច្ចប្រជុំសំខាន់ចំនួនពីរគឺ ១) កិច្ចប្រជុំតុមូលសម្រាប់និយ័តករ និង២) វេទិកាទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បណ្តានិយ័តករ ប្រតិបតិ្តករទូរគមនាគមន៍ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងអ្នកពាក់ព័ន្ធចំនួន ១០០ នាក់ មកពី ១៥ ប្រទេសផ្សេងៗគ្នា។
ក្នុងថ្ងៃទី១ កិច្ចប្រជុំតុមូលសម្រាប់និយ័តករពិភាក្សាក្រោមប្រធានបទ “បទប្បញ្ញត្តិនៅក្នុងសម័យឌីជីថល៖ តើត្រូវធ្វើដូចម្តេចដើម្បីអាចសម្របខ្លួនទៅនឹងបរិយាកាសដែលផ្លាស់ប្តូរដ៏ឆាប់រហ័ស?”ដែលបានដឹកនាំនិងសម្របសម្រួលដោយឯកឧត្តមថោង ចិន្ដា ប្រធានន.ទ.ក និងមានការអញ្ជើញចូលរួមពីតំណាងនិយ័តករមកពី ៨ ប្រទេសផ្សេងៗគ្នា។វេទិកានេះធ្វើការពិភាក្សាដោយផ្តោតសំខាន់លើបួនផ្នែកគឺ ១) ការផ្លាស់ប្តូររចនាសម្ព័ន្ធនិងការគ្រប់គ្រង ២)វិធីសាស្ត្រឆ្លើយតបទៅនឹងការបង្រួមគ្នា (Convergence) ៣)សហប្រតិបតិ្តការជាតិនិងអន្តរជាតិ និង៤)ការពិសោធនិងនវានុវត្តន៍។
ក្នុងថ្ងៃទី២និងថ្ងៃទី៣ វេទិកាទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន ការតភ្ជាប់ឌីជីថលជាតិនិងអន្តរជាតិ, ការពិនិត្យនិងវាយតម្លៃផែនការមេឌីជីថលអាស៊ានពាក់កណ្តាលអាណត្តិ, បរិវត្តកម្មឌីជីថល និងមាតិកា, ការប្រកួតប្រជែងក្នុងទីផ្សារឌីជីថល, ឯកជនភាព ការគំាពារទិន្នន័យ ការៀបចំទុកដាក់ទិន្នន័យ, ការទប់ស្កាត់មាតិកាគំរាមកំហែងតាមប្រព័ន្ធអនឡាញ ដើម្បីការពារអ្នកប្រើប្រាស់, ហានិភ័យនៃសន្តិសុខសាយប័រ និងការពិត, Metaverse និងទ្រព្យសម្បត្តិឌីជីថល។
បន្ថែមលើនេះ ឯកឧត្តមប្រធាន ន.ទ.ក. និងមន្ត្រីក្រោមឱវាទក៏បានជួបពិភាក្សាជាមួយលោក Yih-Choung Teh នាយកទទួលបន្ទុកផ្នែកយុទ្ធសាស្ត្រនិងស្រាវជ្រាវរបស់ OFCOM នៃចក្រភពអង់គ្លេស ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ក្នុងការធ្វើនិយ័តកម្មក្នុងវិស័យទូរគមនាគមន៍ ជាអាទិ៍ របបអាជ្ញាបណ្ណ ហ្វ្រេកង់ស៍វិទ្យុ មជ្ឈមណ្ឌលទិន្នន័យ ការការពារអ្នកប្រើប្រាស់ក្នុងបរិវត្តកម្មឌីជីថល។
