និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) និងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានសហការរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពស្តីពី “សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត”
កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) និងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានសហការរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពស្តីពី “សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត”។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបញ្ជ្រាបចំណេះដឹង និងជំនាញចាំបាច់ដល់មន្ដ្រីរបស់ស្ថាប័ននិយ័តកម្មទាំងពីរនិងភាគីពាក់ព័ន្ធ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះហានិភ័យតាមប្រព័ន្ធអ៊ីនធឺណិតដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យា។
ក្នុងអំឡុងពេលបណ្តុះបណ្តាលកសាងសមត្ថភាព អ្នកចូលរួមមានឱកាសពិភាក្សាក្នុងវគ្គអន្តរកម្មជាមួយវាគ្មិន ស្តីអំពីការកើតឡើងនៃការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត យុទ្ធសាស្រ្តនៃការឆ្លើយតបនិងបញ្ហា និងសារៈសំខាន់នៃយន្ដការដ៏រឹងមាំនៃសន្ដិសុខតាមប្រព័ន្ធអ៊ីនធឺណិត។
ន.ទ.ក. និង ន.ម.ក. នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខតាមអ៊ីនធឺណិត នៅក្នុងវិស័យទូរគមនាគមន៍ និងសន្តិសុខជាតិ។ តាមរយៈការរៀបចំគំនិតផ្តួចផ្តើមការកសាងសមត្ថភាព និងវេទិកាចែករំលែកចំណេះដឹងនេះ យើងមានគោលបំណងជួយសម្រួលដល់មជ្ឍដ្ឋានឌីជីថលឱ្យប្រកបដោយសុវត្ថិភាពដែលជំរុញការបង្កើតថ្មី ការការពារអ្នកប្រើប្រាស់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
