និយ័តករទូរគមនាគមន៍កម្ពុជា
សុន្ទរកថារបស់ឯកឧត្តមប្រធាន
-
មុខងារ និងភារកិច្ចចម្បងនៃការធ្វើនិយ័តកម្មលើវិស័យទូរគមនាគមន៍គឺដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគុណភាព និងការផ្តល់ការការពារផលប្រយោជន៍ដល់អ្នកផ្តល់សេវា និងអ្នកប្រើប្រាស់បណ្តាញ ក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ស្របតាមគោលនយោបាយនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងក្របខ័ណ្ឌច្បាប់ជាធរមានដែលកំណត់ដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាអាណាព្យាបាលបច្ចេកទេស គឺជាមុខងារនិងកាតព្វកិច្ចចម្បងរបស់និយ័តករទូរគមនាគមន៍កម្ពុជា។ មុខងារទាំងនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងគោលបំណងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដើម្បីរួមចំណែកដល់ការជំរុញការវិនិយោគ និងការអភិវឌ្ឍក្នុងវិស័យនេះ និងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ វាជាការចាំបាច់ ណាស់ ដែល ភារកិច្ច ទាំងនេះ ត្រូវ បាន អនុវត្ត ដោយ មានការ យកចិត្តទុកដាក់ ខ្ពស់ នៅ ទូទាំងប្រទេស ដើម្បី បម្រើ សេចក្តីត្រូវការ របស់ ប្រជាពលរដ្ឋ ។
-
ឥរិយាបទរបស់មន្ត្រីរាជការ និងបុគ្គលិកនៃនិយ័តករទូរគមនាគមន៍កម្ពុជា មានគុណលក្ខណៈស្នូលចំនួន ៤ ដូចខាងក្រោម ដើម្បីបម្រើឱ្យវិនិយោគិនកាន់តែប្រសើរឡើង ក្នុងនាមជាអ្នកផ្តល់បណ្តាញ និងសេវាទូរគមនាគមន៍ និងប្រជាជនជាអ្នកប្រើប្រាស់បណ្តាញ និងសេវា៖
-
ឆន្ទៈនៃភាពជាម្ចាស់៖ ការខិតខំប្រឹងប្រែងដើម្បីអនុវត្តភារកិច្ចដែលត្រូវធ្វើឱ្យអស់ពីសមត្ថភាពរបស់ពួកគេ។
-
ភាពស្មោះត្រង់៖ បង្ហាញភាពស្មោះត្រង់ចំពោះប្រជាជន និងស្ថាប័នរដ្ឋ។
-
មនសិការវិជ្ជាជីវៈ៖ រក្សាមនសិការវិជ្ជាជីវៈដើម្បីធានានូវសមត្ថភាពនៃការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។
-
វប្បធម៌នៃសេវាសាធារណៈ៖ ការបំពេញតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងផ្លាស់ប្តូរទម្រង់នៃការអនុវត្តការងារក្នុងគោលបំណងបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដើម្បីជាប្រយោជន៍ដល់សុខុមាលភាព និងការរីកចម្រើនរបស់ប្រទេសជាតិ។
ចក្ខុវិស័យ
-
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) មានគោលដៅចូលរួមកសាងវិស័យទូរគមនាគមន៍ និងពត៍មានវិទ្យានៅប្រទេសកម្ពុជាដែលប្រកបដោយថាមភាព និងបរិយាប័ន្នដែលជួយគាំទ្រដល់ប្រជាជនកម្ពុជា ព្រមទាំងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ន.ទ.ក. មានមុខងារគ្រប់គ្រង និងជម្រុញភាពត្រឹមត្រូវ ការប្រកួតប្រជែង និងភាពច្នៃប្រឌិតនៅក្នុងទីផ្សារទូរគមនាគមន៍ ដែលអនុញ្ញាតឲ្យអ្នកផ្តល់សេវាមានការរីកចម្រើនទៅមុខ ចំណែកឯអ្នកប្រើប្រាស់ទទួលបាននូវសេវាកម្មទូរគមនាគមន៍ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងងាយស្រួលក្នុងការប្រើប្រាស់។ដើម្បីរក្សាឲ្យបាននូវតម្លាភាព គណេយ្យភាព សុចរិតភាព និងក្រមសីលធម៌ ន.ទ.ក. ខិតខំប្រឹងប្រែងរក្សាក្របខ័ណ្ឌបទបញ្ញាត្តិដ៍ត្រឹមត្រូវ ដែលបំពេញតម្រូវការរបស់អ្នកផ្តល់សេវា អ្នកប្រើប្រាស់ និងសហគមន៍ទាំងមូល។ ក្នុងនាមជានិយ័តករទូរគមនាគមន៍នៃប្រទេសកម្ពុជា ន.ទ.ក.ដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រឹមវិស័យទូរគមនាគមន៍ឲ្យស្របតាមគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលរួមមានដូចជា ការលើកកម្ពស់សមាហរណកម្មក្នុងតំបន់ និងគាំទ្រដល់ដំណើរឆ្ពោះទៅរកការពង្រីកការតភ្ជាប់ និងវិបុលភាពរបស់ប្រទេសកម្ពុជា។
បេសកកម្ម
-
និយ័តករទូរគមនាគមន៍កម្ពុជាបំពេញបេសកកម្មរបស់ខ្លួន ឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់ ប្រតិបត្តិករទូរគមនាគមន៍ និងអ្នកពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅរកដំណើរការសមស្របនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងសកលភាវូបនីយកម្មក្នុងតំបន់។ បេសកកម្មរបស់និយ័តករទូរគមនាគមន៍កម្ពុជាមានជាអាទិ៍៖
-
អនុវត្ត គោល នយោបាយ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង ផែន ការ សកម្មភាព យុទ្ធ សាស្រ្តដែល អនុម័តដោយ រាជ រដ្ឋាភិបាល ។
-
អនុវត្តតាមវិធាន និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការធ្វើនិយ័តកម្មវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលបានដាក់ចេញដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
-
ជំរុញ ឱ្យមាន ការ យល់ ដឹង និង ភាព អាច ទទួល បាន នូវ សេវា ទូរគមនាគមន៍ របស់ ប្រជាពល រដ្ឋ។
-
ធានា ឱ្យអ្នក ប្រើ ប្រាស់ ពេញ ចិត្ត ចំពោះ គុណ ភាព និង ថ្លៃសមរម្យនៃសេវា។
-
ផ្តល់ នូវ ការ រៀប ចំនិង ការ ណែ នាំលើផ្នែកនិយ័តកម្ម ប្រកប ដោយ តម្លាភាព និងតម្រូវ ឱ្យមាន ការ អនុវត្ត បទ្បញ្ញត្តិពាក់ព័ន្ធនឹងការ ប្រកួត ប្រជែង ដោយ ស្មើភាពនិង ប្រសិទ្ធ ភាព នៅក្នុង ឧស្សាហកម្មទូរគមនាគមន៍
-
គោរព តាម ស្តង់ដារនិង ការ អនុវត្ត ជា អន្តរ ជាតិ ដែល ជួយ ដល់ កិច្ច អភិវឌ្ឍ និងការធ្វើទំនើប កម្ម នៃ សេវា និង ហេដ្ឋា រចនា សម្ព័ន្ធ។
-
ធានា ឱ្យ មាន ការ ប្រើ ប្រាស់ប្រកបដោយ ប្រសិទ្ធ ភាព បំផុត នូវ ធន ធាន ដ៏ កម្រ នៃ វិសាល គមន៍ហ្រ្វេកង់ស៍វិទ្យុ និងធនធា នប្លង់ លេខ ទូរគមនាគមន៍។
-
ពិ គ្រោះ យោបល់ ជា ទៀង ទាត់ ជា មួយ អ្នក ប្រើ ប្រាស់ និង អ្នក ផ្តល់ សេវា ព្រម ទាំង ជួយ សម្របសម្រួល ឱ្យ មាន សហប្រតិបត្តិការ នៅ ក្នុង ឧស្សាហកម្ម ទូរគមនាគមន៍ ។
អំពី ន.ទ.ក.
-
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីទូរគមនាគមន៍ក្នុងឆ្នាំ២០១៥ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងវិស័យទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជានីតិបុគ្គលសាធារណៈ ន.ទ.ក. ដំណើរការដោយស្វ័យភាព និងឯករាជ្យពីប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ផ្សេងទៀត។
-
គោលបំណងសំខាន់របស់ ន.ទ.ក. គឺធានាឱ្យមានការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ ប្រសិទ្ធភាព និងតម្លាភាពក្នុងវិស័យទូរគមនាគមន៍។ ដើម្បីសម្រេចបាននូវគោលដៅនេះ ន.ទ.ក. បង្កើតបទប្បញ្ញត្តិ និងគោលការណ៍ណែនាំសម្រាប់ប្រតិបត្តិការ និងការផ្តល់សេវាទូរគមនាគមន៍ និងបណ្តាញនានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បទប្បញ្ញត្តិទាំងនេះត្រូវបានអនុវត្ត និងក្លាយជាក្របខណ្ឌគតិយុត្តសម្រាប់វិស័យនេះ។
-
បន្ថែមពីលើតួនាទីនិយ័តកម្ម និងអ្នកដោះស្រាយវិវាទ ន.ទ.ក. ក៏តាមដានការធ្វើប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ផងដែរ។ ន.ទ.ក. ត្រួតពិនិត្យការអនុវត្តអនុលោមភាពតាមបទប្បញ្ញត្តិ ធ្វើអធិការកិច្ចលើការបំពានច្បាប់ដែលអាចកើតមាន និងចាត់វិធានការសមស្រប ដើម្បីរក្សាបាននូវបរិកាសប្រកួតប្រជែងស្មើភាពគ្នាសម្រាប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ។